មិននឹកស្មាន! «ផ្លែត្រប់» មានអត្ថប្រយោជន៍ខ្លាំងណាស់



ផ្លែត្រប់ជាប្រភេទបន្លែមួយប្រភេទដែលជាចំណូលចិត្តរបស់បងប្អូនខ្មែរយើងភាគច្រើន។ យើងអាចយកវាមកធ្វើជាមុខម្ហូបមួយដ៏ឆ្ងាញ់ ងាយហូប និង ងាយធ្វើ។
អ្នកដឹងទេថា ផ្លែត្រប់ជាប្រភពនៃសារធាតុចិញ្ចឹមយ៉ាងសំបូរបែប រាប់តាំងពីសារធាតុសរសៃ សារធាតុរ៉ែ និងវីតាមីនសំខាន់ៗ។ សារធាតុចិញ្ចឹមទាំងនេះសុទ្ធតែជាតម្រូវការជាចាំបាច់របស់រាងកាយយើងជារៀងរាល់ថ្ងៃ។
ដូច្នេះ ការរួមបញ្ចូលនូវបន្លែផ្លែត្រប់ ក្នុងរបបអាហាររបស់អ្នក នឹងផ្តល់ឲ្យនូវអត្ថប្រយោជន៍សុខភាពទាំង៤យ៉ាងនេះ៖


១. ប្រឆាំងនឹងជំងឺមហារីក
សារធាតុពិសេសៗមួយចំនួនទទួលបានពីផ្លែត្រប់ ត្រូវបានគេសិក្សាឃើញថា ជាសារធាតុយ៉ាងសកម្មក្នុងការប្រឆាំងជាមួយនឹងរ៉ាឌីកាល់សេរី ដែលជាម៉ូលេគុលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងទៅដល់រចនាសម្ព័ន្ធរបស់កោសិកា ជាពិសេស DNA របស់កោសិកា ជាហេតុបណ្តាលឲ្យកោសិការងការខូចខាត ហើយវិវឌ្ឍទៅរកកោសិកាមហារីកនេះឯង។ សារធាតុទាំងនេះក៏មាននូវឥទ្ធិពលប្រឆាំងមេរោគ (បាក់តេរី និង វីរុស) ពីការបង្កនូវជំងឺផ្សេងៗផងដែរ។
ដូច្នេះការរួមបញ្ចូលផ្លែត្រប់ក្នុងរបបអាហារ នឹងកាត់បន្ថយហានិភ័យពីជំងឺមហារីក និងការពារពីជំងឺទូទៅផ្សេងៗទៀតដែលបង្កដោយពពួកអតិសុខុមប្រាណ។

មុខម្ហូប ឆានៃផ្លែត្រប់
២. កាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អ
ការសិក្សាមួយចំនួនបានបង្ហាញថា ផ្លែត្រប់ ជាបន្លែជំរុញសុខភាពបេះដូងយ៉ាងមានប្រសិទ្ធភាព។ នេះក៏ដោយសារឥទ្ធិពលវិជ្ជមានរបស់វាមួយកាត់បន្ថយការប្រមូលផ្តុំពពួកខ្លាញ់មិនល្អដូចជា កូលេស្តេរ៉ុលដែលមាននៅតាមបណ្តោយសរសៃឈាម។
ជាពិសេសវាជួយជំរុញនូវលំហូរចរន្តឈាមទៀតផង ដែលងាយស្រួលដល់ការដឹកនាំសារធាតុចិញ្ចឹមសំខាន់ៗ និងអុកស៊ីសែនទៅឲ្យកោសិកាទាំងឡាយ។ ការកាត់បន្ថយកូលេស្តេរ៉ុលមិនល្អ និងការជំរុញចរន្តឈាមជាកត្តាយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺបេះដូងទាំងឡាយ។

មុខម្ហូប ឆានៃផ្លែត្រប់
៣. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
សារធាតុសរសៃ និងជាតិទឹកដ៏សំបូរបែបនៃផ្លែត្រប់ជាតម្រូវការមួយដ៏ចាំបាច់សម្រាប់ប្រព័ន្ធរំលាយអាហារ។ សារធាតុទាំងពីរនេះជួយដល់ការសម្អាតសារធាតុពុល និង កាកសំណល់ទាំងឡាយពីប្រព័ន្ធរំលាយអាហារ ដើម្បីយកទៅចាក់ចោលតាមផ្លូវបន្ទោរបង់។
ក្រៅពីនេះសារធាតុសរសៃ ជួយសម្រួលដល់ដំណើរការរំលាយអាហារ និងបំបាត់អាការទល់លាមកទៀតផង។

មុខម្ហូប ឆានៃផ្លែត្រប់
៤. ជាប្រភពនៃវិតាមីន B
ផ្លែត្រប់ជាប្រភពនៃវីតាមីន B6 ពិសេសជាតម្រូវការមិនអាចខ្វះបានដល់ដំណើរការជាច្រើននៃរាងកាយយើង។
វីតាមីន B6 មិនត្រឹមជំនួយដល់សុខភាពខួរក្បាល និងបេះដូងនោះទេ ជាពិសេសវាជាសារធាតុដ៏សំខាន់ក្នុងការបម្លែងសារធាតុខ្លាញ់ ឬ ស្ករ ដែលយើងទទួលបានពីចំណីអាហារអោយទៅជាថាមពលសម្រាប់ប្រើប្រាស់។
លើពីនេះទៅទៀត វីតាមីនពិសេសមួយនេះកោសិកាយើងត្រូវការជាចាំបាច់សម្រាប់ធ្វើការផលិតអាស៊ីតអាមីនេ ដែលជាធាតុបង្កចំបងនៃប្រូតេរអ៊ីនសម្រាប់ការលូតលាស់និងសាងសង់នៃរាងកាយ។ ព្រោះកង្វះនៃអាស៊ីតអាមីនេនឹងបង្កបញ្ហាសុខភាពជាច្រើនថែមទៀតដូចជា ឆាប់ហត់អស់កម្លាំង កង្វះគ្រាប់ឈាមក្រហម ជំងឺសើស្បែកមួយចំនួន និងជំងឺប្រព័ន្ធប្រសាទទៀតផង៕

ផ្លែត្រប់








Leave a Reply