ចង់ឬមិនចង់ ហេតុផលទាំងនេះ គ្រប់គ្រាន់ឲ្យលោកអ្នកដេកយ៉ាងហោចណាស់ ៧ម៉ោងក្នុងមួយយប់!



ការដេកជាលក្ខណៈធម្មជាតិរបស់រាងកាយ និងជាពេលមួយដែលរាងកាយយើងចាប់ផ្តើមធ្វើការជួសជុលកោសិកាខូចខាត ជំរុញការលូតលាស់កោសិកាថ្មី និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ដើម្បីកំចាត់មេរោគបៀតបៀនទាំងឡាយ។ ជាពិសេស វាជាពេលមួយដែលខួរក្បាលយើងធ្វើការសម្អាតកាកសំណល់ជាតិពុលចេញពីខួរក្បាល និងបង្កើតការចងចាំថ្មី។ នេះគ្រាន់តែជាអត្ថប្រយោជន៍មួយចំនួនប៉ុណ្ណោះ ហើយវាសរបញ្ជាក់ឲ្យឃើញថាការដេកពិតជាចាំបាច់ និងមានសារៈសំខាន់យ៉ាងណា។
ជាក់ស្តែងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺនៅសហរដ្ឋអាមេរិកបានណែនាំថា បុគ្គលនៅចន្លោះអាយុ ១៨ដល់៦០ឆ្នាំ គួរដេកឲ្យបានយ៉ាងតិចណាស់ក៏៧ម៉ោងក្នុងមួយយប់ដែរ។ កាលណាពុំដេកបានគ្រប់គ្រាន់ទេនោះ (ដូចជា ៤ទៅ៥ម៉ោង) អាចបង្កនូវផលប៉ះពាល់រយៈពេលយូរទៅថ្ងៃមុខចំពោះសុខភាពទូទៅរបស់យើង និងធ្វើឲ្យគុណភាពជីវិតរបស់យើងធ្លាក់ចុះ។
ផលប៉ះពាល់មួយចំនួនបង្កឡើងដោយការដេកពុំគ្រប់គ្រាន់មានដូចជា៖
១. នៅពេលយើងដេកពុំគ្រប់គ្រាន់ វាអាចធ្វើឲ្យបរិមាណកោសិកាឈាមស ដែលមានតួនាទីចំបងក្នុងការប្រឆាំងនឹងកោសិកាដុំសាច់ និងវីរុសមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ការដេកបានត្រឹម ៤ទៅ៥ម៉ោងក្នុងមួយយប់ បង្ហាញឲ្យឃើញថា កោសិកាឈាមសនោះធ្លាក់សល់ត្រឹមតែ ៧០% ប៉ុណ្ណោះ។
២. ដោយសារកោសិកាពុំអាចមានពេលជួសជុល ឬបណ្តុះកោសិកាថ្មី ហើយប្រព័ន្ធភាពស៊ាំចុះខ្សោយទៀតនោះ បានធ្វើឲ្យរាងកាយមានហានិភ័យខ្ពស់វិវឌ្ឍទៅជាកោសិកាមហារីក។ ជំងឺមហារីកមួយចំនួនដែលគេបានសិក្សាឃើញថា អាចមានទំនាក់ទំនងជាមួយនឹងបរិមាណនៃការដេកមានដូចជា ជំងឺមហារីកពោះវៀនធំ ជំងឺមហារីកសុដន់ និងជំងឺមហារីកក្រពេញប្រូស្តាត។
៣. ការដេកមិនគ្រប់គ្រាន់ក៏អាចបណ្តាលឲ្យលោកអ្នកងាយប្រឈមមុននឹងជំងឺរ៉ាំរ៉ៃផ្សេងៗទៀតដូចជា ជំងឺធាត់ ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមជាពិសេស។
បើទោះបីជាយ៉ាងណាក៏មនុស្សភាគច្រើនព្រងើយកន្តើយនិងមិនយកចិត្តទុកដាក់ចំពោះការដេកឡើយ។ គេពុំដឹងអំពីសារៈសំខាន់ និងផលប៉ះពាល់នៃសុខភាពយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីការដេកមិនគ្រប់នេះ។
ដូច្នេះលោកអ្នកគប្បីព្យាយាមដេកយ៉ាងហោចណាស់ឲ្យបាន ៧ទៅ៨ម៉ោងក្នុងយប់ដែរ ដើម្បីទទួលបានសុខភាពមួយដែលល្អទាំងផ្លូវកាយនិងផ្លូវចិត្ត៕

រូបតំណាង

រូបតំណាង








Leave a Reply