ការកូនស្រី ឱ្យប្តីដើមធ្វើមេបា ប្តីចុងផ្ទុះកំហឹង​បាញ់​ចោល



ខេត្តកោះកុង ៖ ស្ត្រី​ម្នាក់​ត្រូវ​​ប្តី​ចុង​បាញ់​សម្លាប់​យ៉ាង​ឃោរឃៅ​ចំនួន​២​គ្រាប់ ​ចំ​ដើមទ្រូង​ស្លាប់​មួយ​រំពេច កើត​ឡើង​កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ កុម្ភៈ ស្ថិត​នៅ​លើ​ផ្ទះ​ក្នុងភូមិ​ស្មាច់​មាន​ជ័យ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើមាន​ឈ្មោះ​ហាន ធឿ​ន អាយុ​៥០​ឆ្នាំ ជា​កម្មករ​សំណង់ ។ ចំណែក​ប្តី​ចុងដៃ​ដល់​ឈ្មោះ​សេង វិបុល អាយុ​ជាង​៥០​ឆ្នាំ ជា​កម្មករ​អារឈើ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យជាប្តី​ចុង ​បាន​បាញ់​សម្លាប់​ប្រពន្ធ​ដោយ​ប្រើ​អាវុធ​អាកា​៤៧ បាញ់​ចំ​ដើមទ្រូង​ចំនួន​២​គ្រាប់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រួច​ហើយ​ជនសង្ស័យ​រត់គេច​ខ្លួន​​បាត់ ។ តាម​ការ​រៀបរាប់​របស់​ប្អូនស្រី​ស្ត្រី​រង​គ្រោះ​បញ្ជាក់​ដែរ​ថា​ តាំងពី​បាន​ប្តី​ក្រោយ​នេះ បងស្រី​របស់​ខ្លួន​(​ស្ត្រី​រង​គ្រោះ​) តែង​ត្រូវ​បាន​ប្តី​ស្រវឹងស្រា​រករឿង​ឈ្លោះប្រកែក និង​ឈាន​ដល់​ការ​វាយតប់​គ្នា​គ្មាន​លោះ​ថ្ងៃ​ឡើយ ។ ជា​ពិសេស នៅ​ពេល​ឃើញ​ប្រ​ព​ន្ឋ​និយាយ​រក​ប្រុស​ៗ​ក្នុងភូមិ ឬ​ជា​សាច់ញាតិ​គឺ​ដឹង​តែ​រឿង​ធំ​តែ​ម្តង ។

ប្អូនស្រី​បន្ត​ថា ភ្លើង​ប្រចណ្ឌ​ចុង​ក្រោយ​នេះ គឺ​នៅ​ពេល​បងស្រី​របស់​ខ្លួន​រៀប​ការកូន កាលពី​ថ្ងៃ​សៅរ៍​ចុងស​ប្តា​ហ៍​មុន​នេះ បងស្រី​របស់​ខ្លួន​បាន​ហៅ​ប្តី​ដើម ដែល​បាន​លែងលះ​គ្នា​ហើយ​នោះ មក​ក្នុង​នាម​ជា​មេបា​ឱ្យ​កូនស្រី​របស់​ខ្លួន ទើប​ធ្វើ​ឱ្យ​ប្តី​ចុង​រូប​នេះ ផ្ទុះ​ភ្លើង​ប្រចណ្ឌ ឈាន​ដល់​ការ​បាញ់​សម្លាប់​បែប​នេះ ៕


ជនសង្ស័យជាប្តី​ចុង ​បាន​បាញ់​សម្លាប់​ប្រពន្ធ​ដោយ​ប្រើ​អាវុធ​អាកា​៤៧បាញ់​ចំ​ដើមទ្រូង​ចំនួន​២​គ្រាប់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង








Leave a Reply