ឃាត់ខ្លួនមេខ្លោងគ្រឿងញៀន២នាក់ នៅក្រុងប៉ោយប៉ែត ដកហូត​គ្រឿងញៀន ៧៩កូនថង់ធំ និងមេតំហ្វេតាមីន​ ១៥៤គ្រាប់ (មានវីដេអូ)



(បន្ទាយមានជ័យ)៖ ​ជនសង្ស័យ២នាក់ ជាមុខសញ្ញាមេខ្លោងគ្រឿងញៀន ជួញដូរយ៉ាងសកម្ម នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន និងបានដកហូតគ្រឿងញៀនមួយចំនួនធំ។ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សង្ស័យ និងវត្ថុតាងគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ការបង្រ្កាបជនសង្ស័យគ្រឿងញៀន២នាក់នេះ បាអនុវត្តតាមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើឡើងកាលពី១៤ និង១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិបាលិ លេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

​លោកវរសេនីយ៍ត្រី ង៉េង សុខជា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ប្រាប់ឱ្យដឹងនាថ្ងៃទី១៧​ខែកុម្ភៈ​នេះថា ការបង្រ្កាបជនសង្ស័យគ្រឿងញៀន ក្រោយពីកម្លាំងនគរបាលបានធ្វើការស្រាវ ជ្រាវស៊ើបអង្កេតតាមជំនាញ និងឃើញពីសកម្មភាពជាក់ស្តែងរបស់ជនសង្ស័យកំពុងប្រព្រឹត្ត បទល្មើសគ្រឿងញៀនខុសច្បាប់ កម្លាំងនគរបាលក៏ឆ្មក់ចូលបង្រ្កាបជនសង្ស័យគ្រឿងញៀនទាំង២នាក់ បានជាបន្តបន្ទាប់។

សមត្ថកិច្ចត្រួតពិនិត្យឆែកឆេររកឃើញដកហូតគ្រឿងញៀនចំនួន២ប្រភេទ គឺគ្រឿងញៀនមេតំហ្វេតាមីន Ice​ ចំនួន៧៩កូនថង់ធំនិងតូច ស្មើនិងទម្ងន់១៧៧,៦៦ក្រាម,ថ្នាំញៀនមេតំហ្វេតាមីនwy ១៥៤គ្រាប់ស្មើនិងទម្ងន់១៣,៨៦ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ,សៀវភៅបញ្ជីឈ្មោះអ្នកទិញជំពាក់គ្រឿងញៀន១ក្បាល និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

​សមត្ថកិច្ច ប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀនទាំង២នាក់មានឈ្មោះ សូត ម៉ាប់ ភេទប្រុស​អាយុ៣៦ឆ្នាំ ប្រកបមុខរបររត់ម៉ូតូឌុប​ជាមុខសញ្ញាខ្លោងជួញដូរគ្រឿងញៀន មានស្រុកកំណើតនៅឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងម្នាក់ឈ្មោះ​ វ៉ាន់ ម៉ៅ ភេទប្រុស អាយុ៤១ឆ្នាំ មុខសញ្ញាលក់ចែកចាយគ្រឿងញៀន ប្រកបមុខរបររត់ម៉ូតូឌុប មានស្រុកកំណើតភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

​លោកនាយការិយាល័យ បានបញ្ជាក់ឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ជាមេខ្លោងគ្រឿងញៀនឈ្មោះសូត ម៉ាប់ បានឆ្លើយសារភាព រូបគេបានទិញគ្រឿងញៀនពីអ្នករត់ម៉ូតូឌុប នៅក្រុងប៉ោយប៉ែតមួយខាំតម្លៃ៥ម៉ឺន៥ពាន់បាតប្រាក់ថៃ លក់ក្នុងម្លៃ១កុនថង់តូច៥០០បាត,គ្រឿងញៀន ខ្លួនយកលក់បន្តឱ្យជនជាតិថៃ និងខ្មែរ៕

ជនល្មើសដែលត្រូវបានសមត្ថកិច្ចចាប់បង្ក្រាបបាន
ជនល្មើសដែលត្រូវបានសមត្ថកិច្ចចាប់បង្ក្រាបបាន
ជនល្មើសដែលត្រូវបានសមត្ថកិច្ចចាប់បង្ក្រាបបាន
គ្រឿងញៀន និងវត្ថុតាងជាច្រើនផ្សេងទៀត







Leave a Reply